ថ្ងៃទី 18 ខែមេសា ឆ្នាំ2011, ម៉ោង 10:19 AM ជុន សុផល
មកពីគ្រប់ទិសទីនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ...។
ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានស្គាល់នូវរមណីយដ្ឋានថ្មីមួយទៀត គឺ “រមណីយដ្ឋានក្រុងទឹក”។
រមណីយដ្ឋាននេះ មានទីតាំងនៅឆ្ងាយពីផ្លូវជាតិ លេខ៦ ជិតទីប្រជុំជនបារាយណ៍ ចម្ងាយប្រមាណ ២.៦០០ម៉ែត្រ ជាប់នឹងដងស្ទឹងជីនិត ដែលជាស្ទឹងមួយ មានប្រភពទឹកមិនចេះរីងស្ងួត។
យោងតាមលោកប៉ែន ដុល្លារ ប្រធានគ្រប់គ្រង គម្រោងប្លង់សាងសង់រមណីយដ្ឋានក្រុងទឹក បានឱ្យដឹងថា រមណីយដ្ឋាន ដែលរៀបចំឡើងនៅលើផ្ទៃដី សរុបប្រមាណ៤៧ហិកតារ ហើយដែលប្រមូលផ្តុំ ទៅដោយមណ្ឌលកម្សាន្តតាមរយៈការលក់សំបុត្រ ចាប់ពីថ្ងៃទី១០ ដល់១៨ ខែមេសា។
ផ្អែកតាមគំនិតដើមរបស់អ្នកសាងសង់រមណីយដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយធ្វើឱ្យមានកន្លែងលេងច្រើនបែបច្រើនយ៉ាង ក្នុងនោះមានកន្លែងងូតទឹកសាប សមុទ្រសិប្បនិម្មិត កន្លែងជិះកង់លើទឹក កន្លែងជិះទូក កន្លែងបោះតង់ ស្ទូចត្រី ភូមិវប្បធម៌ សារមន្ទីរ កន្លែងវាយកូនគោល កន្លែងកម្សាន្តសម្រាប់ពេលយប់ ផ្ទះស្នាក់របៀបលក្ខណៈគ្រួសារឯកជន ហើយនិងកន្លែងកម្សាន្ត ផ្សេងៗទៀត។
បច្ចុប្បន្នការសាងសង់មណ្ឌលកម្សាន្ត នៅក្នុងរមណីយដ្ឋាន ទើបអនុវត្តបានប្រមាណ៤០%ប៉ុណ្ណោះ នៃគម្រោង ក្នុងនោះមានបឹងសិប្បនិម្មិត ទំហំ៣ហិកតារ។ ចំណែកឯសមុទ្រសិប្បនិម្មិត ភូមិបុរេប្រវត្តិ កន្លែងវាយកូនគោល និងអាងហែលទឹក ដែលមានទំហំធំជាងគេនៅអាស៊ី មានទំហំប្រមាណ១ម៉ឺនម៉ែត្រការ៉េ អាចឱ្យមនុស្សងូតទឹកបាន៣០០ ទៅ៤០០នាក់ និងសំណង់ចំណតរថយន្ត ដែលលាតសន្ធឹងលើផ្ទៃ ទំហំ៤ហិកតារ។
កាលពីដើម តំបន់ភូមិដូង ដែលនៅកៀកនឹងទីប្រជុំជនបារាយណ៍ មិនសូវមានអ្នកស្គាល់ច្រើនទេ។ ពីមុន តំបន់នេះ គឺជាជម្រកលាក់ទុកគោ ក្របី ដែលពួកចោរលួចបានពីប្រជាជននៅក្នុងតំបន់ក្បែរនេះ។
ក្រោយឆ្នាំ២០០៥ ឯកឧត្តមញ៉ែម ថ្ថាវី បានទិញ ដីនៅក្នុងតំបន់នេះ ពីប្រជាពលរដ្ឋ ក្នុងបំណងធ្វើកសិកម្ម ព្រោះភូមិសាស្ត្រនៅក្នុងតំបន់ អាចផ្តល់លទ្ធភាពទាញយកទឹក មកប្រើប្រាស់បានស្រួល។ ប៉ុន្តែ នៅឆ្នាំ២០០៨ ក្រោយបានជួបជាមួយលោក ប៉ែន ដុល្លារ ដែលជាស្ថាបត្យករធ្លាប់មានបទពិសោធន៍ ក្នុងការចូលរួមបង្កើតភូមិវប្បធម៌ នៅខេត្តសៀមរាប ទើបឯកឧត្តមញ៉ែម ថ្ថាវី បានផ្លាស់ប្តូរគំនិតអភិវឌ្ឍន៍ តំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍វិញ។
ក្នុងការអភិវឌ្ឍន៍តំបន់នេះជាង១ឆ្នាំ កន្លងមក តំបន់នេះ នៅតែមិនទាន់ត្រូវបានគេស្គាល់ទូលំទូលាយនៅឡើយ។ ហេតុនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរបានដឹង និងស្គាល់ទីតាំងនេះខ្លះ រមណីយដ្ឋាន បានសម្រេចបើករយៈពេល៩ថ្ងៃ នៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីឱ្យអ្នកដើរកម្សាន្តបានទៅទស្សនា និងស្គាល់។
យោងតាមលោកប៉ែន ដុល្លារ បានឱ្យដឹងថា ក្នុងការបើកឱ្យចូលកម្សាន្តជំហានដំបូងនេះ រមណីយដ្ឋាន នឹងយកថ្លៃសំបុត្រសម្រាប់មនុស្សម្នាក់៤.០០០រៀល ឬ១ដុល្លារ ក្នុងការទស្សនាមួយលើក។ ចំណែកឯរថយន្ត យកថ្លៃ២.៥០០រៀល ក្នុងមួយគ្រឿង ប៉ុន្តែ សម្រាប់ម៉ូតូ រមណីយដ្ឋាន គិតថ្លៃ១.០០០រៀល។ ក្មេងដែលមានកម្ពស់ត្រឹម១,១ម៉ែត្រ និងព្រះសង្ឃ មិនគិតថ្លៃទេ។
ជាមួយនេះដែរ រមណីយដ្ឋាន ក៏មានម្ហូប ភេសជ្ជៈ និងវត្ថុផ្សេងៗ ដើម្បីលក់ផ្តល់សេវាដល់អតិថិជន។ ម៉្យាងវិញទៀត ចំពោះអ្នកទៅកម្សាន្តជាលក្ខណៈគ្រួសារ ហើយមានបំណងចង់ធ្វើការស្នាក់នៅទីនោះ រមណីយដ្ឋានក៏មានកន្លែងផ្តល់សេវាជូនដែរ ដោយគិតថ្លៃ៤៥ដុល្លារ ក្នុង១យប់សម្រាប់ផ្ទះមនុស្សសម្រាកបាន៦នាក់ មានបាយ និងម្ហូប សម្រាប់ចម្អិន ដោយខ្លួនឯង ដូចជា សាច់មាន់១គីឡូ ត្រី១គីឡូ និងមានសួនបន្លែ អាចឱ្យគេកាត់ចម្អិន ឬហូបបានតាមតម្រូវការ។ ដោយឡែក សម្រាប់ផ្ទះស្នាក់ជាលក្ខណៈឯកជនវិញ មានតម្លៃ១០០ដុល្លារ ព្រោះមានឧបករណ៍បំពាក់ ទំនើបដូចជាសណ្ឋាគារផ្កាយ៥ដែរ។
សព្វថ្ងៃ រមណីយដ្ឋាន មានបន្ទប់ជួលលក្ខណៈឯកជនចំនួន១០ និងមានផ្ទះស្នាក់លក្ខណៈគ្រួសារ ជាង១០ ដើម្បីផ្តល់សេវាដល់អតិថិជន ហើយនៅពេលខាងមុខ នឹងរៀបចំសាងសង់ច្រើនទៀត។
យោងតាមផែនការរបស់គម្រោងរមណីយដ្ឋាននេះ នឹងត្រូវសាងសង់ចប់រួចរាល់ជាស្ថាពរ ១០០% នៅដើមឆ្នាំក្រោយនេះ និងអាចទទួលភ្ញៀវចូលទៅទស្សនាបាន៤ទៅ៥ម៉ឺននាក់។
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងការកោតសរសើរ ចំពោះការបង្កើតរមណីយដ្ឋានច្នៃប្រឌិតថ្មីនេះ។


4:38 AM
Email:knewdaynews@yahoo.com