| Written by ភ្នំពេញដេលីញូវ |
| Sunday, 18 March 2012 23:15 |
| ក្រោយពីការដើរកម្សាន្តនៅតាម ប្រាសាទនានានៅក្នុង ខេត្តសៀមរាបហើយ នោះ ភ្ញៀវទេសចរទាំងឡាយក៏មិន ភ្លេចទៅទស្សនានៅបូជនីយដ្ឋាន ភ្នំគូលែនផងដែរ ពីព្រោះ នៅទីនោះ បានបន្សល់ទុកនូវកេរដំណែលវប្បធម៌ និង ធម្ម-ជាតិដ៏ស្រស់ត្រកាលគួរឱ្យគយគន់ក្រៃលែង ។ ភ្នំគូលែនស្ថិត នៅក្នុងស្រុកស្វាយលើ និង ស្រុកវ៉ារិន ចម្ងាយ ៦០ គីឡូម៉ែត្រ ពីក្រុងសៀមរាប និង ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី ។ ភ្នំគូលែនមានឈ្មោះដើមថា មហិន្ទ្រព៌ត ជាកន្លែងដែលព្រះបាទជយវរ្ម័នទី ២ ប្រារឰធ្វើពិធីទេវរាជ និង ប្រកាសឯករាជ្យពីប្រទេសជ្វា ក្នុងឆ្នាំ ៨០២ ជាពេលដែល សម័យអង្គរកើតឡើង ។ ប្រជាជនខ្មែរអ្នកមានជំនឿផ្នែកពុទ្ធសាសនា និង ជឿទៅលើអាទិទេព ឬ ព្រះព្រហ្ម ពេលបានទៅទស្សនាប្រាសាទ អង្គរវត្តនៅខេត្តសៀមរាប តែងតែចង់ បង្ហួសទៅធ្វើសក្ការៈនៅភ្នំគូលែន ព្រោះនៅទីនោះគេតែងគិតថា ជាទីដែលមាន ឫទ្ធិបារមីខ្លាំងក្លាហើយអ្នកបួស អ្នកសច្ចំ គ្រូមន្តអាគមទាំងឡាយចូលចិត្តអួត លើកតម្កើងខ្លួន និង ចូលចិត្តទៅតាំងធម៌ នៅលើភ្នំគូលែន ដោយសារគេគិតថា អ្នកដែលបន្សុទ្ធខ្លួនដោយធម៌នៅភ្នំគូលែនបានគឺពិតជាមនុស្សខ្លាំង ហើយជំនឿ បែបនេះគឺពុំមែនទើបតែកើតមាននៅពេលនេះទេ គឺមានតាំងពីពេលកើតបូជ-នីយដ្ឋានភ្នំគូលែននេះមកម៉្លេះ ។ ភ្នំគូលែននេះត្រូវបានចាត់ទុកជាឧទ្យានជាតិ មួយ ចំណែកនៅក្នុងស្រុកស្វាយលើ និង មួយចំណែកនៅស្រុកវ៉ារិន ដោយសារតែទី នោះពោរពេញទៅដោយព្រៃឈើលាយឡំជាច្រើនប្រភេទ ជាជួរភ្នំដែលមានទឹក ធ្លាក់ និង មានប្រាសាទ រូបចម្លាក់បុរាណ ព្រមទាំងមានទីអារាមមានអាយុតាំង ពីយូរលង់មកហើយ ។ ជាទូទៅនៅរៀងរាល់ថ្ងៃសីល ថ្ងៃពេញបូណ៌មី និង ពេល សម្រាក បុណ្យទាន មនុស្សម្នាតែងតែនាំគ្នាទៅលេងទីនោះ ទោះបីជាមានទីតាំង ឆ្ងាយបន្តិចក៏ដោយ ។ ក្រៅពីមុខងារសំខាន់ៗដូចបានរៀបរាប់ខាងលើឧទ្យានជាតិ ភ្នំគូលែនមានតួនាទីសំខាន់មួយទៀតនៅក្នុង ប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ គឺ ជាកន្លែងដែលនៅឆ្នាំ ៨០២ ព្រះបាទជយវរ្ម័នទី ២ បានប្រកាសឯករាជ្យចេញពី ការគ្រប់គ្រងរបស់ជ្វា ហើយចាត់ទុកជាកន្លែងដែលកម្ពុជាផ្តើមមានភាពរីកចម្រើន រុងរឿងខ្លាំងក្លា មានអរិយធម៌ខ្ពង់ខ្ពស់ដល់កំពូល ។ ភ្នំគូលែនផ្តល់ជូននូវផ្ទាំងទស្សនីយភាពល្អប្រណីតពីរកន្លែង គឺមួយនៅចង្កេះ ភ្នំ និង មួយកន្លែងទៀត គឺនៅ លើកំពូលភ្នំតែម្តង ។ នៅលើកំពូលភ្នំគេនឹងឃើញ មានកូនវត្តដែលមានព្រះពុទ្ធរូបទ្រង់បរិនិព្វានដ៏ធំសង់អំពីថ្មភក់ ។ នៅមិនឆ្ងាយពី ទីនោះគេនឹងបានឃើញអាងទឹកធម្មជាតិដែលមានទឹកធ្លាក់ជាប្រចាំ ហើយនៅ បាតអាងសម្បូរទៅដោយរូបចម្លាក់ ជាពិសេសគឺរូបលិង្គ និង យោនី ដែល សរុបទាំងអស់មានមួយពាន់លិង្គ ហើយមនុស្សភាគច្រើនហៅទីនោះជាអាង ទឹក “លិង្គមួយពាន់” ។ ក្នុងចំណោមចម្លាក់ទាំងនោះគេក៏កត់សម្គាល់ឃើញមាន រូបអាទិទេព គឺព្រះវិស្ណុជិះនៅលើពស់ឈ្មោះ អានណ្តា រួមជាមួយព្រះមហេសី គឺព្រះនាង លក្ស្មី និង មានចម្លាក់ផ្កាឈូកជាត្របកចេញពីផ្ទាំងថ្ម ។ ផ្អែកតាមប្រវត្តិ នៃជំនឿរបស់ខ្មែរ គឺរូបលិង្គសំដៅ ទៅលើលិង្គព្រះឥសូរ ដែលគេចាត់ទុកថាជា អាទិទេពមួយព្រះអង្គនៅក្នុងលទ្ធិព្រហ្មញសាសនា ហើយនៅមុនឆ្នាំ ៨០២ ខ្មែរ យើងភាគច្រើនជឿលើព្រហ្មញសាសនា ។ ការឆ្លាក់រូបលិង្គនៅបាតអាងបែប នេះ តាមជំនឿអ្នកនៅក្រោមទឹកទាំងប៉ុន្មាន ពេលអាស្រ័យទឹក ឬ ងូតទឹក... គឺ សុទ្ធតែទទួលបាននូវទឹកមន្តដែលប្រសិទ្ធីដោយព្រះព្រហ្ម ។ ទឹកពីលើកំពូលភ្នំ គូលែននេះ ដើមឡើយហូរកាត់ភូមិតំបន់សៀមរាបអង្គរ ទីរួមខេត្ត និង បានធ្លាក់ ទៅបឹងទន្លេសាប និង ពេលខ្លះទៅបំពេញនៅបារាយណ៍ទឹកថ្លាផងដែរ ។ នៅ តាមល្អាងភ្នំជុំវិញទីនោះក៏មានរូបចម្លាក់ប្លែកៗជាច្រើនទៀតដែលបញ្ជាក់ឱ្យឃើញ ថា បុព្វបុរសខ្មែរគឺពិតជាវិចិត្រករ សិល្បករ ដ៏ចំណាន ហើយជាពូជអម្បូរដែល ឧស្សាហ៍ព្យាយាម និង អំណត់បំផុត ។ តំបន់ជុំវិញ ល្អាងមានធាតុអាកាសត្រជាក់ ស្រេង គ្របដណ្តប់ ទៅដោយដើមឈើធំៗ ។ ការបន្តដំណើរទៅកាន់ កំពូលភ្នំ គឺជារឿងមួយសែនលំបាក ព្រោះត្រូវឆ្លង កាត់តំបន់ថ្មតូចធំតាមចន្លោះផ្លូវតូចព្រៃចង្អៀតបត់ បែនឆ្វេងស្តាំចុះឡើង តែនៅពេលទៅដល់ទើប យើងដឹងថា មើលពីលើកំពូលភ្នំគូលែនភ្ញៀវនឹង ឃើញទិដ្ឋភាពរួមដ៏ស្រស់បំព្រងនៃភ្នំគូលែន ដែល នៅក្បែរនោះគេប្រទះឃើញមានប្រាសាទដ៏ចំណាស់ មួយឈ្មោះថា ប្រាសាទក្រោលរមាស ដែលសាង ឡើងក្នុងសតវត្សរ៍ទី ៩ ។ នៅលើបរិវេណនៃភ្នំ គូលែនគេប្រទះឃើញមានប្រាសាទតូចៗប្រមាណ ជាង ២០ ដែលកសាងឡើងក្នុងសម័យអង្គរនៅរាយ ប៉ាយស្ទើរគ្រប់ទីកន្លែង កប់ក្នុងគុម្ពោធព្រៃ ។ ប្រា-សាទដែលសំខាន់សង់ នៅចំផ្លូវចូល គឺប្រាសាទ រោងជាង ជាប្រាសាទទីមួយមុនពេលទៅឃើញស្រះ ទឹកមួយឈ្មោះថា ស្រះដំរីហើយនៅក្បែរស្រះដំរីនោះមានរូបចម្លាក់ធំៗទាំងមូល សង់អំពីថ្មភក់មានដូចជា រូបដំរីដែលមានបណ្តោយប្រវែង ៤ ម៉ែត្រ និង កម្ពស់ ៣ ម៉ែត្រ ហើយក៏មានរូបតោពីរក្បាលបញ្ចោញឫកយ៉ាងខែងរ៉ែងឈរការពារភ្នំ គូលែនទាំងមូល ។ យើងក៏កុំភ្លេចឆៀងចូលទៅលេងនៅក្នុងវត្តដ៏តូចមួយដែល សង់នៅលើខ្នងភ្នំ ជាទីដែលមានរូបព្រះពុទ្ធដ៏ធំមួយអង្គសង់ឡើងអំពីថ្មភក់ វត្ត នោះគេឱ្យឈ្មោះថា “វត្តព្រះអង្គធំ” ហើយពុទ្ធបរិស័ទតែងតែចង់ទៅកាន់ទីនោះ ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន ។ សម្រាប់អ្នកប្រវត្តិវិទូពិតជាមិនឆ្ងល់ទេថា ភ្នំមួយនេះមានចម្លាក់បែបព្រហ្មញសាសនាផងដែលកាលណោះ ខ្មែរចេះគួបផ្សំ យ៉ាងប៉ិនប្រសព្វរវាងសាសនាទាំងពីរ ។ ទោះបីជាមានការលំបាកច្រើនក្នុងការ ធ្វើដំណើរទៅកាន់ភ្នំគូលែនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែស្ទើរតែនៅពេញប្រទេស ព្រះសង្ឃ គ្រូហ្ម អ្នកកាន់សីល តាបសឥសី តែងតែធ្វើដំណើរទៅធ្វើធម៌នៅទីនោះ ជារៀងដរាប ពីព្រោះគេជឿថាទីនោះនៅមានអ្នកសច្ចំ អ្នកមានឫទ្ធិបារមីក្រៅភព អាចជួយឱ្យគ្រូហ្ម អ្នកកាន់សីលទាន បានសម្រេចនូវសេចក្តីប្រាថ្នារបស់ខ្លួន ។ លោកពូ ផាត់ ផាន ភ្ញៀវទេសចរខ្មែរដែលកំពុងងូតទឹកធ្លាក់ភ្នំគូលែនជាមួយ បងស្រីរបស់គាត់បានឱ្យដឹងថា ការមកកម្សាន្តនៅទីនេះធ្វើឱ្យអារម្មណ៍របស់គាត់ ភ្លឺថ្លា និង មានសេចក្តីសុខក្រៃលែង គាត់គិតថាទីនេះជាឋានសួគ៌សម្រាប់ភ្ញៀវ ទេសចរ ។ លោក ឆើត ឆន ដែលជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថានៅឆ្នាំ ២០១១ កន្លងទៅមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបសរុប ៣.៣១១.៤២៦ នាក់ កើន ១៥,៨ ភាគរយ លើសឆ្នាំ ២០១០ ក្នុងនោះភ្ញៀវបរទេស ចំនួន ១.៦១០.០៧៦ នាក់ កើនលើសឆ្នាំ ២០១០ ចំនួន ២១,៧៩ ភាគរយ ។ ចំណែកឯភ្ញៀវដែលទៅទស្សនាភ្នំគូលែនទាំងបរទេស និង ខ្មែរ មានចំនួនរហូត ដល់ ២៥.៥៦២ នាក់ ។ ដោយសារតែភ្នំគូលែនមានកន្លែងគោរពសក្ការៈដ៏អស្ចារ្យ និង មានទេស ភាពគួរជាទីទាក់ទាញបែបនេះ ហើយបានជាទីនេះនៅតែមានភ្ញៀវទេសចរមក ទស្សនាជាច្រើនឥតដាច់ ៕ |


3:46 AM
Email:knewdaynews@yahoo.com
0 comments:
Post a Comment