រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Wednesday, March 28, 2012

ភូមិបណ្តែតទឹក កំពង់ហ្លួងដួងចិត្ត ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍


  
Wednesday, 28 March 2012 02:16
យើងបានទស្សនាតំបន់ទេសចរណ៍ លម្ហែអារម្មណ៍ធម្មជាតិមួយដែល ពោរពេញ ទៅដោយខ្យល់ជំនោរល្ហៀកៗ បរិសុទ្ធពិត ទើបតែលេចចេញជា រូបរាងបាន ប៉ុន្មានឆ្នាំប៉ុណ្ណោះ ស្ថិតក្នុងភូមិសាស្ត្រ ភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធ៌សាត់ កំពុងតែអន្ទងចិត្តទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យមកជិះទូកលម្ហែកាយជាហូរហែមិនដាច់ មិនថាថ្ងៃបុណ្យ ឬ ថ្ងៃសម្រាកឡើយ កំណើនភ្ញៀវទេសចរកើនឡើងជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើឱ្យអ្នកភូមិនៅតំបន់នេះបានប្រែ ផ្លាស់មុខមាត់ថ្មីដោយសារបានចំណូលសេដ្ឋកិច្ចពីភ្ញៀវ ។

      បើលោកអ្នកធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តញេធិ៍សាត់ បាត់ដំបង យើងនឹងឆ្លងកាត់ខេត្តមួយគឺ ខេត្តកំពង់ឆ្នាំង ហើយបន្តដំណើរប្រមាណ ជា ១០០ គីឡូម៉ែត្រទៀត យើងនឹងទៅដល់ចំណុចផ្លូវបែកស្ថិតក្នុងស្រុកក្រគរ ហើយបត់ស្តាំដៃតាមផ្លូវចូលដែលមានក្រាលកៅស៊ូ អមដោយដើមឈើចម្រុះគ្នា តូច-ធំ ចោលម្លប់ត្រឈឹងត្រឈៃ ជាការទាក់ទាញ និង ជាការអមដំណើរជូនភ្ញៀវ ទៅដល់គោលដៅជាក់ជាមិនខាន ចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ គឺ“សហគមន៍ ទេសចរណ៍” ។
      ជារឿយៗយើងនឹងឃើញមានម៉ូតូ រថយន្តតូចធំ និង រថយន្តក្រុងដឹកភ្ញៀវ បរទេសបានធ្វើដំណើរប៉ប្រុយមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ថ្ងៃបុណ្យ ទានម្តងៗ ។ នៅពេលដែលអ្នកដំណើរទេសចរទាំងអស់បានទៅដល់តំបន់ ទេសចរណ៍សហគមន៍នេះពិតជាបានប្លែកភ្នែក ប្លែកអារម្មណ៍ រំសាយអស់ទុក្ខ ព្រួយកង្វល់ដែលកើតមានកន្លងមក ។ ជាមួយទឹកទន្លេដ៏ត្រជាក់ថ្លាយង់ឆ្លុះភក្ត្រ អមដោយទូកតូចធំសម្រាប់ដឹកភ្ញៀវទេសចរដើរកម្សាន្តមើលការនេសាទត្រី និង សត្វស្លាបធម្មជាតិរាប់រយ-ក្បាលកំពុងតែហិចហើរ ឆ្វែលចុះឡើងប្រឡែង លេងនឹងភ្ញៀវ ។  លើសពីនេះទៀតយើងនឹងឃើញមានផ្ទះប្រជាពលរដ្ឋសង់នៅ បណ្តែតទឹកជាមួយខ្ទមសម្រាប់ទទួលភ្ញៀវជាច្រើនវាហាក់បីដូចជាប្រគល់ខ្លួនជូន ភ្ញៀវទេសចរអង្គុយលេងកម្សាន្តយ៉ាងដូច្នេះដែរ ។
      ភ្ញៀវទេសចរដែលបានមកដល់ទីនេះមិនគ្រាន់តែបានជិះទូកបណ្តែតអារម្មណ៍ លើផ្ទៃទឹកដ៏ត្រជាក់ គយគន់ធម្មជាតិ និង សត្វប៉ុណ្ណោះទេ លើសពីនេះទៀតក៏ នៅមានផ្លែឈើចម្រុះគ្រប់មុខ និង ម្ហូបអាហារគ្រប់មុខតាំងលក់ជូនភ្ញៀវក្នុងតម្លៃ ថោកសមរម្យ ។ មិនតែប៉ុណ្ណោះយើងក៏ក្រឡេកឃើញគូស្នេហ៍ថ្មោងថ្មីបានមក រឹតបន្តឹងចំណងស្នេហ៍របស់គេឱ្យកាន់តែវេញត្របាញ់ចូ លគ្នាជាធ្លុងមួយដែរ ប៉ុន្តែការបង្កើតចំណងស្នេហ៍របស់គូស្នេហ៍មួយចំនួនក៏បានជួបនូវវិបត្តិខ្លះៗដែរ ដោយសារតែស្នេហ៍បោកប្រាស់... នៅលើទឹកដីដ៏ស្រស់សោភានេះផងដែរ ។

      ជួបជាមួយនឹងមន្ត្រីសម្របសម្រួលនៃមន្ទីរទេសចរណ៍ខេត្តញេធិ៍សាត់ឈ្មោះ សុខ វឿន បានប្រាប់ឱ្យដឹងថា ដោយ សម្លឹងឃើញថាឃុំកំពង់ហ្លួងជាភូមិសាស្ត្រ ទឹកដីជាប់នឹងបឹងធម្មជាតិយើងនោះដែលមានប្រជាពលរដ្ឋមួយចំនួនរស់នៅតាំង លំនៅស្ថាន លើផ្ទៃទឹក មើលទៅគួរឱ្យចាប់អារម្មណ៍ និង មួយចំនួនទៀតសង់នៅ លើគោក ទើបមន្ទីរទេសចរណ៍ក៏ដូចជាអាជ្ញាធរ មូលដ្ឋានមានការចាប់អារម្មណ៍ ទៅលើវិស័យទេសចរណ៍ ក៏បានបង្កើតនូវសហគមន៍ទេសចរណ៍មួយនេះហៅ ថា “សហគមន៍ទេសចរណ៍ភូមិបណ្តែតទឹកកំពង់ហ្លួង”នៅក្នុងឆ្នាំ ២០០៧ ។ តាមការផ្សព្វផ្សាយព័ត៌មានជាហេតុធ្វើឱ្យតំបន់ ទេសចរណ៍នេះកាន់តែចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសនោះគឺភ្ញៀវអន្តរជាតិតែម្តង គឺ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។
      លោកបន្តថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១១ ឈានចូលឆ្នាំ ២០១២ ក្នុង ខែមីនានេះគឺមានភ្ញៀវទេសចរទាំងគ្រប់ទិសទី មានចំនួន ១.៧១៦ នាក់ នេះមិន គិតពីភ្ញៀវក្នុងស្រុកទេ ។ នៅតំបន់ទេសចរណ៍នេះអ្វីដែលធ្វើឱ្យភ្ញៀវទេសចរ ចាប់អារម្មណ៍នោះគឺមានកត្តាច្រើនយ៉ាងណាស់ ដូចជាការរៀបចំសណ្តាប់ធ្នាប់ សេវាកម្មល្អ សន្តិសុខសុវត្ថិភាពល្អ និង មធ្យោបាយដឹកភ្ញៀវល្អ មានទូកតូច-ធំ ហើយបំណងអ្នកទេសចរមកលេងគឺបានជិះទូកបន្ធូរអារម្មណ៍លើផ្ទៃទឹក មើល ការនេសាទ មើលសត្វស្លាប ជាដើម ។
      លោកបន្តថា ចំពោះតម្លៃឈ្នួលវិញ គឺខាងមន្ទីរជាអ្នកកំណត់តម្លៃថេរច្បាស់ លាស់ ដែលភ្ញៀវទេសចរអាចទទួល យកបាន មិនចុះឡើងតាមចិត្តនោះឡើយ ព្រោះវាជាហេតុធ្វើឱ្យប៉ះញល់ដល់អារម្មណ៍ភ្ញៀវទេសចរ ។ ក្នុងនោះសម្រាប់ ទូកដឹកភ្ញៀវតូចៗចាប់ពីមនុស្សម្នាក់ដល់បីនាក់ មួយម៉ោងតម្លៃប្រាំបីដុល្លារ ទូកធំ ល្មមបួននាក់ដល់ប្រាំនាក់ តម្លៃដប់ពីរដុល្លារ ក្នុងមួយម៉ោង ពីប្រាំមួយនាក់ដល់ ម្ភៃនាក់ តម្លៃក្នុងម្នាក់ៗពីរដុល្លារ ។ យើងក៏មានផ្ទះសំណាក់សម្រាប់ភ្ញៀវសម្រាក ក្នុងតម្លៃសមរម្យទៀតផង ។
      ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះភាគច្រើនជាលក្ខណៈគ្រួសារ ប្រពន្ធកូន ខ្លះជាក្រុមមិត្តភក្តិ មកជិះទូកកម្សាន្តលេងតាមភូមិប្រជាពលរដ្ឋ ក៏ដូចជា ជិះទូកចេញទៅមើលទេសភាពនៅឯទីវាលលម្ហដ៏ធំល្វឹងល្វើយ ដាច់កន្ទុយភ្នែក ជាបឹងធម្មជាតិនៃបឹងទន្លេសាបរបស់ខ្មែរយើង លាយឡំនឹងរលកទឹកព្រេចៗ និង ជំនោររសៀលបរិសុទ្ធបក់មកប៉ះកាយល្ហៀកៗធ្វើឱ្យអារម្មណ៍ធុញថប់របស់ភ្ញៀវ ដែលមកដល់ទីនេះរសាយអស់ ។ ជាពិសេសជាងនេះទៀត ពួកគាត់បានផ្តិតយក អារម្មណ៍ប្លែកៗនៅក្នុងតំបន់នេះ ។
      បើតាមលោក កែវ សុវណ្ណារ៉េត ជាមេឃុំកំពង់ហ្លួងបានបញ្ជាក់ប្រាប់ពី ប្រជាពលរដ្ឋនៅទីនេះថា នៅក្នុងឃុំកំពង់ហ្លួង របស់លោកមានប្រជាពលរដ្ឋរស់ នៅ ១.១៦៣ គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៦.២៩៤ នាក់ ក្នុងនោះប្រជាពលរដ្ឋ រស់នៅលើផ្ទៃទឹកចំនួនបួនភូមិ ស្មើនឹង ៨៦៥ គ្រួសារ ។ លោកប្រាប់បញ្ជាក់ពី ប្រជាពលរដ្ឋនៅលើទឹកថា ប្រហែលជា ៧០ ភាគរយ ទៅ ៨០ ភាគរយ គឺពួក គាត់ប្រកបមុខរបរនេសាទដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និង មួយចំនួន ទៀតពឹងផ្អែកលើអាជីវកម្ម ផ្សេងៗដូចជាការលក់ដូរ និង បានចំណូលពីវិស័យភ្ញៀវ ទេសចរនេះឯង បានធ្វើឱ្យពួកគាត់ប្រែប្រួលមុខមាត់ថ្មីពីការខ្វះខាតមកធូរធារ ។ ភ្ញៀវទេសចរភាគច្រើនគឺបរទេសតែម្តង ដែលមកម្តងៗជិះរថយន្តក្រុងក៏មាន ដែរ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons