រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Monday, March 5, 2012

ភ្ញៀវទេសចរក្នុងស្រុកងាកមកទស្សនាផ្សោត នៅខុំព្រះរំកិលកាន់តែច្រើន


Saturday, 25 February 2012 02:18
ជាងមួយឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរ ក្នុងស្រុកជាច្រើនបានងាកមកចាប់ អារម្មណ៍ទស្សនាត្រីផ្សោតទន្លេមេគង្គ ពិសេសគេបាននាំគ្នាទៅទស្សនា ត្រីផ្សោតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលកាល ពីមុនអ្នកទស្សនាត្រីផ្សោតនៅទីនោះភាគច្រើនគឺជាភ្ញៀវទេសចរបរទេសដែលឆ្លងមកពីប្រទេសលាវ ។ ការទៅទស្សនា នៅទីនោះគេនឹងបានឃើញទេសភាពធម្មជាតិតាមដងទន្លេមេគង្គផង និង អាចទស្សនាតំបន់ព្រំដែនកម្ពុជា-លាវផង ។

      កន្លែងមើលផ្សោត ភូមិអន្លង់ស្វាយមានចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង គេអាចធ្វើដំណើរ ដោយជិះរថយន្តកាត់ស្ពានទន្លេសេកុងតាមផ្លូវជាតិលេខ ៧ នឹងទៅដល់ព្រំដែនកម្ពុជា-លាវ កាត់តាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល យើងបត់ឆ្វេងតាមផ្លូវលំ រួចទៅដល់ចំណុចវ៉ឺនខាវ ព្រោះផ្លូវទៅកាន់ទីនោះត្រូវបានសាលាខេត្តកសាង កាលពីឆ្នាំទៅមិញ ប៉ុន្តែឥឡូវផ្លូវនោះខូចខាតខ្លះៗដោយសារទឹកជំនន់នាឆ្នាំកន្លងទៅ ឬ មួយអ្នកទស្សនាអាចទៅទីនោះ តាមផ្លូវទឹកដោយចេញពីទីរួមខេត្តទៅភូមិអន្លង់ស្វាយតែម្តង ។

      អន្លង់ផ្សោត ភូមិអន្លង់ស្វាយផ្នែកខាងលើទន្លេ មេគង្គជិតព្រំដែនកម្ពុជា-លាវ បានរៀបចំជាសហគមន៍ ទេសចរណ៍ គួរឱ្យទាក់ទាញអារម្មណ៍ពីធម្មជាតិពិតៗនៅ ភាគឦសានប្រទេសកម្ពុជា ។ នៅពេលយើងទៅដល់ ចំណុចវ៉ឺនខាវ យើងជិះទូកសហគមន៍តាមដងទន្លេ មេគង្គមើលទេសភាពធម្មជាតិនៅទីនោះដូចជា អន្លង់ សត្វផ្សោត ព្រៃលិចទឹកកោះថ្ម ទស្សនាផ្ទះសហគមន៍ និង មើលទឹករលកបោកបក់នឹងច្រាំង មើលទេសភាព តាមដងទន្លេ និង គយគន់ត្រីផ្សោតដែលវាបង្ហាញខ្លួន បង្អួតភ្ញៀវទេសចរ ។

      ការជិះទូកសហគមន៍មួយគ្រឿង មានថ្លៃឈ្នួល ជិះទូកទៅមក ៥ ម៉ឺនរៀល អាចជិះកម្សាន្តតាមចិត្ត ដែលយើងចង់ ទៅណាក៏បានដែរនៅតំបន់នោះ ។ ទូក សហគមន៍ទាំងអស់មាន ១១ គ្រឿង សម្រាប់ឱ្យភ្ញៀវ ទេសចរជួលជិះដើរលេង ។ យើងអាចស្នាក់នៅផ្ទះ សហគមន៍ជាច្រើនយប់ក៏បានដែរ តាមចិត្តដែលគេចង់ ស្នាក់នៅ ។ រីឯតម្លៃក្នុងមួយយប់គិតថ្លៃ ៣ ដុល្លារ ។ លើសពីនេះទៅទៀតយើងអាចបរិភោគម្ហូបខ្មែរទៀត ផង ។ ក្រៅពីនោះក៏មានសម្តែងរាំរបាំជូនអ្នកទេសចរ មើលតាមចិត្តគេចង់ទស្សនា ។
      តាមការឱ្យដឹងរបស់អ្នកមើលការខុសត្រូវនៅទី នោះថា ជាងមួយឆ្នាំនេះមានភ្ញៀវទេសចរច្រើនជាង មុន ពិសេស គឺភ្ញៀវទេសចរខ្មែរមានការកើនឡើងច្រើនជាងឆ្នាំមុនៗ ហើយភ្ញៀវ ទេសចរបរទេសភាគច្រើនគឺចូលមកពីប្រទេសលាវ ។ គេបង្កើតសហគមន៍ ទេសចរណ៍នេះឡើង ដើម្បីចង់ឱ្យមានភ្ញៀវទៅទស្សនាតំបន់ធម្មជាតិកាន់តែមាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ដើម្បីទាក់ទាញភ្ញៀវមកពីតំបន់ឆ្ងាយៗដែល ចង់ឃើញខេត្តស្ទឹងត្រែងតែងចង់បន្តទៅទស្សនានៅប្រទេសលាវ ។ ម៉្យាងទៀត ជីវភាពប្រជាពលរដ្ឋនៅទីនោះក៏ដូចជាអ្នកស្ទឹងត្រែងកាន់តែប្រសើរឡើង ។
      លោក ហាក់ វ៉ាន់ថៃ ជាភ្ញៀវទេសចរខ្មែរម្នាក់កំពុងជិះទូកសហគមន៍ទស្សនា ត្រីផ្សោតបានឱ្យដឹងថា ពីមុនលោកធ្លាប់តែទៅទស្សនាប្រាសាទបុរាណ នានានៅខេត្តសៀមរាប ដល់ពេលមកទស្សនាត្រីផ្សោតនៅទីនេះ វាហាក់ ដូចជាមានអារម្មណ៍ប្លែក ព្រោះទីនេះមានខ្យល់អាកាសទន្លេដ៏បរិសុទ្ធ និង មានទេសភាពគួរឱ្យចង់គយគន់ក្រៃលែង ។ ពីមុនលោកពុំដែលបានឃើញ ផ្សោតនោះទេ គឺឃើញតែតាមរយៈទូរទស្សន៍ដល់ឥឡូវបានឃើញផ្ទាល់ នឹងភ្នែក ពិតជាគួរឱ្យជក់ចិត្តក្រៃលែង ។
      បើតាមការតំណាលតៗគ្នាពីប្រវត្តិឃុំព្រះរំកិលថា កាលពីសម័យ ប្រទេសយើងមានសង្គ្រាមជាមួយនឹងប្រទេសសៀម គឺមានវត្តមួយនៅ ក្នុងឃុំព្រះរំកិលនេះ ហើយនៅក្នុងវត្តមានព្រះពុទ្ធបដិមាមួយអង្គមានបុណ្យ បារមីណាស់ ពេលពួកទ័ពសៀមចូលមកវាយយកទីនេះតែងតែទទួល បរាជ័យរហូត ក៏ព្រោះមានបារមីព្រះអង្គជួយកាន់ខ្នងរងមុខ ។ ក្រោយៗ មកទៀត ពួកសៀមឈ្លានពានល្បីថា មានពុទ្ធប្បដិមាពូកែស័ក្តិសិទ្ធិក៏នាំ គ្នាមកលួចព្រះបដិមានោះ ប៉ុន្តែដោយប្រជាជនដឹង ពីបំណងនោះមុនក៏នាំគ្នារំកិលព្រះបដិមានោះនៅ ដាក់ក្នុងទន្លេតែម្តង ។ រហូតមកដល់សព្វថ្ងៃនេះក៏ នៅមានអ្នកនេសាទបានជួបប្រទះបដិមានោះនៅ កណ្តាលទន្លេ ហើយក៏នាំគ្នាទៅស្រង់ឡើង តែពេល ទៅពួកគេបែរជារកមិនឃើញទៅវិញ ។ ការឃើញ ព្រះបដិមានៅក្នុងទន្លេនេះមិនមែនឃើញតែពេល នេះឡើយ គឺគេឃើញតាំងពីសម័យមុនមកម៉្លេះទើប គេនាំគ្នា ហៅតំបន់កន្លែងព្រះរំកិលក្រោយមកក៏មាន ឈ្មោះឃុំព្រះរំកិលរហូតដល់សព្វថ្ងៃនេះ ៕
Comments ()
 
បង្កើតសង្វៀនល្បុក្កតោ ដើម្បីទាក់ទាញភ្ញៀវទេសចរ

Saturday, 18 February 2012 01:24
ជាយូរមកហើយភ្ញៀវទេសចរមិនថា ភ្ញៀវទេសចរជាតិ ឬ ភ្ញៀវទេសចរ បរទេសឡើយ កាលណាពួកគេធ្វើដំណើរ កម្សាន្ត តាមដងផ្លូវជាតិលេខ ៥ ច្រើនតែធ្វើដំណើររំលងបណ្តាខេត្ត មួយចំនួននៅតាមដងផ្លូវជាតិលេខ ៥ នេះ ពិសេសគឺខេត្ត កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ។ តាមពិតខេត្តទាំងនេះក៏ មានសក្តានុពលទេសចរណ៍យ៉ាងច្រើនមិនចាញ់ខេត្តផ្សេងៗ ឡើយ ពោលគឺបើភ្ញៀវទេសចរស្នាក់នៅទីនោះមួយថ្ងៃ នោះ ភ្ញៀវទេសចរនឹងបានគយគន់ និង ទស្សនានូវទេសភាពធម្មជាតិ ដ៏ល្អស្អាត រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានវប្បធម៌ បែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញជាច្រើន ដែលគួរឱ្យជក់ចិត្តចាប់ អារម្មណ៍មិនខាន ។

      ដើម្បីប្តូរទម្លាប់ភ្ញៀវទេសចរដែលតែងតែទៅហួសមកហួសនាបណ្តាខេត្តតាមដងផ្លូវជាតិលេខ ៥ នេះ ទើបសហព័ន្ធល្បុក្កតោ និង ក្រុមហ៊ុនទេសចរណ៍ មហាអង្គរទេសចរណ៍បានរួមគ្នាបង្កើតសង្វៀនល្បុក្កតោនេះឡើង ដើម្បីឱ្យភ្ញៀវ ទេសចរបានឈប់សម្រាកទស្សនាផង និង ឱ្យភ្ញៀវទេសចរបានទស្សនាស្វែងយល់ ពីវប្បធម៌ និង ផ្ទាំងទស្សនីយភាពនៃខេត្តតាមដងផ្លូវជាតិលេខ ៥ នេះផង ។
      ការសម្តែងក្បាច់ចំបាប់បុរាណខ្មែរ និង ក្បាច់គុនល្បុក្កតោខ្មែរនេះ ទទួល បានការពេញចិត្ត និង ចាប់អារម្មណ៍ ខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ជា ពិសេសក្រុមជនជាតិអាមេរិកាំងមួយក្រុមដែលមកទស្សនាកម្ពុជា ក្រោមដំណើរ បេសកកម្មមួយមានឈ្មោះថា មូលនិធិជនបទកម្ពុជា ចាប់ផ្តើមកាលពីថ្ងៃទី ១១ ដល់ ២១ ខែមករា ឆ្នាំ ២០១២ ។  ពួកគេមាន ការជក់ចិត្តចាប់អារម្មណ៍យ៉ាងខ្លាំងនូវក្បាច់គុនល្បុក្កតោខ្មែរ ។

      ក្រុមនេះមានចំនួនសរុប ២៧ នាក់ រួមដោយកុមារីអាយុ ១០ ឆ្នាំម្នាក់ផងដែលទទួល និង រៀបចំដំណើរទស្សនកិច្ច នេះដោយក្រុមហ៊ុនមហាអង្គរទេស-ចរណ៍ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១២ ។ នេះ គឺជាលើកទីពីរហើយដែលក្រុមហ៊ុនមហាអង្គរទេសចរណ៍បានរៀបចំការសម្តែង ចំបាប់ខ្មែរបុរាណ និង ល្បុក្កតោ ជូនភ្ញៀវទេសចរអន្តរជាតិទស្សនាស្វែងយល់ ពីវប្បធម៌ដ៏ចំណាស់ និង ល្អផូរផង់ ដែលជាផ្លែផ្កានៃអារ្យធម៌អង្គរដ៏រុងរឿងរបស់ ជាតិខ្មែរ ។ កាលនៅលើកលើកទីមួយសម្តែងជូនជនជាតិចម្រុះជាតិសាសន៍ រួម ទាំងអាណិកជនខ្មែរនៅអាមេរិកកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១ ។

      លោក អាង គឹមអៀង  ប្រធានសហគមន៍ទេសចរណ៍កម្ពុជា និង ជានាយក ក្រុមហ៊ុនទេសចរណ៍មហាអង្គរ ទេសចរណ៍បានឱ្យដឹងថា នេះជាទស្សនីយភាព លើកដំបូងបង្អស់ក្នុងការភ្ជាប់វិស័យទេសចរណ៍ជាមួយទំនៀមទម្លាប់វប្បធម៌ខ្មែរ ក្នុងគោលបំណងបង្កើតផលិតផលទេសចរណ៍ថ្មីមួយ ដើម្បីទាក់ទាញទេសចរឱ្យ បន្តស្នាក់នៅបានយូរនៅក្នុងប្រទេសកម្ពុជា ប្តូរនិន្នាការធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទាក់ទាញឱ្យមានការស្នាក់នៅពាក់កណ្តាលផ្លូវ រួមមានខេត្ត កំពង់ឆ្នាំង និង ពោធិ៍សាត់ ជាដើម ចូលរួមដុសរំលេចវប្បធម៌ដ៏បវររុងរឿងរបស់ខ្មែរឱ្យមាន សកម្មភាពរស់រវើកផុសផុល និង គង់វង្សយូរអង្វែងទៅតាមរយៈចំណូលពី ទេសចរណ៍ផ្សារភ្ជាប់វិស័យកីឡា វប្បធម៌ ជាមួយវិស័យបញ្ជាក់ថា បានទស្សនាការសម្តែងនេះសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតឆ្ងាយពី សង្គ្រាម និង ភាពអវិជ្ជមានផ្សេងៗ ហើយកំពុងតែវិវឌ្ឍទៅរកវឌ្ឍនភាពដ៏សុខ ដុមរមនា ។
      លោក វិល្លៀម អ្នកដឹកនាំក្រុមមានប្រសាសន៍ថា គាត់មក ទស្សនាកម្ពុជាជាលើកទីបីហើយ តែមិនធ្លាប់ បានឈប់ និង ទស្សនាចំបាប់បុរាណ ខ្មែរ និង ល្បុក្កតោនេះទេ ។ គាត់បន្ថែមថា “ខ្ញុំរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់ បានឃើញដូច្នេះទេ ។ ខ្ញុំយល់ថា ការសម្តែងនេះជាការទាក់ទាញទេសចរដ៏សំខាន់ មួយ” ។ លោកស្រី បុណ្យនារី ជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកសម្តែង នូវការរំភើបនៅពេលបានទស្សនាទស្សនីយភាពនេះកាលពីលើកទីមួយនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១១ ថា គាត់សប្បាយរីករាយ និង រំភើបខ្លាំងណាស់ ព្រោះ មិនធ្លាប់បានឃើញទេក្នុងជីវិតរបស់គាត់ ។ គាត់នឹងមកទស្សនាការសម្តែងនេះ ទៀតពេលមកលេងស្រុកនៅលើកក្រោយ ។
      ការប្រកួតជាលក្ខណៈសមយុទ្ធជូនភ្ញៀវទេសចរនេះសម្តែងដោយសមាគម កីឡាល្បុក្កតោ កុមារទេពមានឫទ្ធិសែនជ័យ និង សមាគមចំបាប់បុរាណខ្មែរឫទ្ធិសែន ។
      ក្រុមទេសចរទាំងនេះក៏បានជួយសាងសង់សាលាបឋមសិក្សាមួយខ្នងមាន ប្រាំបន្ទប់ នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង អស់ទឹក ប្រាក់ជាងបួនម៉ឺនដុល្លារ ។
      លោក អាង គឹមអៀង បានឱ្យដឹងទៀតថា ការរៀបចំឱ្យមានសង្វៀន ល្បុក្កតោនឹងមានលើកក្រោយទៀត ដើម្បីឱ្យ ភ្ញៀវទេសចរស្វែងយល់ និង ទស្សនា ឱ្យបានច្រើនតាមដងផ្លូវជាតិលេខ ៥ នេះ ព្រោះបណ្តាខេត្តតាមដងផ្លូវជាតិលេខ ៥ នេះ សម្បូរទៅដោយទស្សនីយភាព វប្បធម៌ ប្រពៃណី និង រមណីយដ្ឋាន ទេសចរណ៍យ៉ាងច្រើនរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ៕ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons