ជាមួយគ្នានេះផងដែរ ទាំងទេសចរជាតិ និងអន្តរជាតិ មានការកោតសរសើរជាខ្លាំងចំពោះសន្តិសុខនិងការរៀបចំ ក្រុងរបស់ខេត្តទេសចរណ៍មួយនេះ...។
គ្រាន់តែប៉ុន្មានថ្ងៃ នារដូវកាលវិស្សមកាល របស់បងប្អូនប្រជាជនខ្មែរ នៅទូទាំងប្រទេស មានភ្ញៀវ- ទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់ បានទៅទស្ស- នាខេត្តសៀមរាប យ៉ាងច្រើនសន្ធឹកសន្ធាប់។ ភ្ញៀវ- អន្តរជាតិគ្រប់ជាតិសាសន៍ មកពីស្ទើរតែគ្រប់ទ្វីប ក្នុង ពិភពលោក មានភាពសាទរក្នុងការចូលរួមកម្សាន្ត លំហែកាយ និងស្វែងយល់ពីប្រវត្តិសាស្ត្រក្នុងតំបន់- ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយ ប្រាង្គប្រាសាទបុរាណនេះ។
ទន្ទឹមនឹងសក្តានុពលនៃការរីកចម្រើន និងការ ប្រឹងប្រែងបន្តលើការអភិវឌ្ឍន៍ ក្នុងរដូវចូលឆ្នាំ នា ឆ្នាំនេះ ខេត្តសៀមរាប មានភាពល្អប្រសើរជាងខេត្តដទៃ ទៀត ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំក្រុង និង ការថែរក្សាបរិស្ថាន។
លោក ទេព ប៊ុនឆាយ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ ខេត្តសៀមរាប ទទួល បានកំណើនភ្ញៀវទេសចរច្រើនជាងឆ្នាំមុន។ លោក បានប្រាប់អ្នកយកព័ត៌មាន “អង្គរធំ” ថា នេះដោយ- សារតែខេត្ត មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន និងការថែរក្សារមណីយដ្ឋានក្នុងតំបន់ ឱ្យមានភាព- កាន់តែល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដូច្នេះ ទើបទាំងភ្ញៀវជាតិ និងអន្តរជាតិ សម្រេចចិត្តជ្រើសរើសយកតំបន់រមណីយដ្ឋានដ៏ស្រស់ផូរផង់នេះ ជា កន្លែងលំហែអារម្មណ៍ នាពេលឈប់សម្រាក។
លោកទេព ប៊ុនឆាយ បានឱ្យដឹងថា ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំនេះ មានភ្ញៀវជាតិមកពីគ្រប់ខេត្ត-ក្រុង ចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប ដែល ក្នុងនោះ ភាគច្រើនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ចំណែកភ្ញៀវបរទេស ភាគច្រើនមកពីតំបន់អាស៊ី។ លោកអភិបាលរងក្រុង ក៏បាន បញ្ជាក់ថា ក្នុងឆ្នាំនេះ ខេត្តសៀមរាប ស្ទើរតែក្លាយជា ខេត្តមួយ ដែលមានការរៀបចំសណ្តាប់ធ្នាប់បាន ប្រសើរជាងខេត្តដទៃ ព្រោះការលេងល្បែងគប់ទឹក ប៉ាតម្សៅ គឺត្រូវបានហាមឃាត់ ហើយជាលទ្ធផល គឺខេត្តទទួលបានសុវត្ថិភាពយ៉ាងល្អ ក្នុងអំឡុងបុណ្យ ចូលឆ្នាំថ្មីនេះ។ លោកបានមានប្រសាសន៍ថា “យើង សង្កេតឃើញថា ក្នុងឆ្នាំនេះ ការលេងបាចទឹក ប៉ាត- ម្សៅ គឺអត់មានទេ គ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុង ក៏ អត់មានដែរ ហើយបញ្ហាស្ទះចរាចរណ៍នោះក៏មិន សូវមានដែរ។ ចំណែកឯក្រុមក្មេងស្ទាវរាំលេង បង្ក ឱ្យមានបញ្ហានោះ ក៏មិនឃើញមានដែរ អ៊ីចឹងសរុបទៅ យើងរៀបចំរបៀបរៀបរយបានល្អ”។
លោកសំ ស៊ីយ៉ាន អនុប្រធាននាយកដ្ឋានទេសចរណ៍ (ក្រសួងមហាផ្ទៃ) ខេត្តសៀមរាប បានឱ្យដឹង ថា បរិយាកាសនា ឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងខេត្ត សៀមរាប គឺមានភាពល្អប្រសើរ។ លោកបានប្រាប់ ឱ្យដឹងថា ប្រជាជនខ្មែរ ដែលចូលមកកម្សាន្តក្នុងអំឡុង ពេលបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៤ ខែមេសា គឺមាន ចំនួនច្រើនជាងឆ្នាំមុន រាប់ពាន់នាក់ ហើយតំបន់ទេស- ចរណ៍ដែលពេញនិយមបំផុត ក្នុងដំណើរកម្សាន្តលំហែកាយរបស់ភ្ញៀវទេសចរ គឺរមណីយដ្ឋានទឹកធ្លាក់ ភ្នំគូលែន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន (អង្គរធំ) ដែលជាទិសដៅ ស្នូលរបស់ទេសចរ ភ្នំបាខែង ប្រាសាទបាគង ប្រាសាទបន្ទាយស្រី និងប្រាសាទផ្សេងៗ ទៀត ក្នុងតំបន់អង្គរ។ លោកសំ ស៊ីយ៉ាន បានឱ្យដឹង ទៀតថា ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំចាស់ ភ្ញៀវទេសចរមានការកើនឡើង ពី១៥% ទៅ២០%។
ខេត្តសៀមរាប ដែលជាខេត្តមានការអភិវឌ្ឍន៍ យ៉ាងរហ័សនោះ មានប្រជាជនចំនួន ១៧១.៨០០នាក់ នេះបើយោងតាមស្ថិតិដកស្រង់របស់វេបសាយ ឹកិផិដេិា ក្នុងឆ្នាំ២០១០។ ក្នុងអំឡុងពេលត្រឹម៦ថ្ងៃ (១២-១៨ ខែមេសា ឆ្នាំ២០១១) ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរអន្តរជាតិ គ្រប់ជាតិសាសន៍ ចំនួន២១.៥៥០នាក់។
លោកតាន់ សំណាង ជាអ្នកប្រចាំការផ្នែកការពារ បេតិកភណ្ឌ នៅប្រាសាទអង្គរវត្ត មានសេចក្តី សប្បាយរីករាយជាខ្លាំង ពេលឃើញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាង្គប្រាសាទ អង្គរវត្ត ដោយភាពរីករាយច្រើនយ៉ាងនេះ។ ទោះ- ជាយ៉ាងណា លោកបានធ្វើការប្រៀបធៀបខុសគ្នា ទៅនឹងការប្រៀបធៀបខាងលើថា ក្នុងឆ្នាំនេះ មិនសូវ មានភ្ញៀវទេសចរជាតិមកកម្សាន្តក្នុងប្រាសាទអង្គរវត្ត ដូចឆ្នាំមុនទេ។ ចំណែកភ្ញៀវបរទេស ដែលមកទស្សនា ប្រាសាទនេះ ភាគច្រើនជាជនជាតិមកពីតំបន់អាស៊ី មាន វៀតណាម កូរ៉េ ថៃ ជប៉ុន និងភ្ញៀវអឺរ៉ុប ភាគច្រើនមកពី ប្រទេសរុស្ស៊ី។ ប៉ុន្តែ លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះ មានការរៀបចំសណ្តាប់ធ្នាប់បានល្អជាងឆ្នាំមុន។
កញ្ញាស្ទិហ្វេនី អូសេនហែម (Stephanie Oxenham) ជនជាតិអង់គ្លេស ដែលបានធ្វើវិស្សមកាលក្នុងប្រទេសកម្ពុជា នាពេល បុណ្យចូលឆ្នាំថ្មី បានបង្ហាញពីចំណាប់អារម្មណ៍រីករាយ ដែលកញ្ញាបានឃើញនូវការអភិវឌ្ឍន៍ដ៏ល្អរបស់ ប្រជាជនខ្មែរ។ កញ្ញាបានប្រាប់ថា កញ្ញាមិនបានដឹង ជាមុនថា នេះជាពេលបុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរ ទេ តែកញ្ញាពេញចិត្តមកកម្សាន្តក្នុងប្រទេសខ្មែរ ក្នុងខែ មេសា នេះ។ និយាយដោយទឹកមុខញញឹម កញ្ញាបាន ប្រាប់ថា ទោះបីជាកញ្ញាឃើញមានមនុស្សម្នាច្រើន មក ដើរកម្សាន្តក៏ដោយ តែកញ្ញាមានអារម្មណ៍ថា មាន សុវត្ថិភាព និងមិនមានភាពភ័យខ្លាចអ្វីទាំងអស់។ កញ្ញា បាននិយាយថា “ខ្ញុំគិតថា ស្រុកខ្មែរមានសុវត្ថិភាពល្អ ខ្ញុំ អត់មានការព្រួយបារម្ភអីទេ! ទោះឃើញមានឡាន ម៉ូតូ ច្រើនក៏ដោយ ហើយខ្ញុំរីករាយដែលស្គាល់ប្រជាជនខ្មែរ”។
ចំណែក កញ្ញាហ្ស៊ីលឡេ គ័រសុន(Gealle Corson) ជនជាតិបារាំង ដែលបានមកទស្សនាប្រាសាទអង្គរវត្ត នោះ បានឱ្យដឹងថា កញ្ញាបានចំណាយពេលសម្រាកក្នុងខេត្ត សៀមរាប ច្រើនថ្ងៃ ជាងខេត្តដទៃ ព្រោះកញ្ញាចូលចិត្តទាំងតំបន់រមណីយដ្ឋាននៅទីនេះ និងការរៀបចំ សណ្តាប់ធ្នាប់របស់ក្រុង។ កញ្ញា ដែលមានអាយុ២៧ ឆ្នាំរូបនេះ បានប្រាប់ថា ខេត្តសៀមរាប មិនមានគ្រោះថ្នាក់ចរាចរណ៍ដូចខេត្តដែលកញ្ញាបានទៅដើរកម្សាន្ត នោះទេ។ កញ្ញានិយាយថា “ខ្ញុំចង់នៅទីនេះយូរ ព្រោះខ្ញុំ មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាផ្សេងៗទេ ហើយតម្លៃទំនិញ នៅទីនេះ ក៏សមរម្យ អាចឱ្យខ្ញុំទទួលយកបាន”។
ដោយសារពាក្យស្លោករបស់ក្រសួងទេសចរណ៍ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ” នៅ ក្នុងពេលបុណ្យចូលឆ្នាំនេះ ការលក់ទំនិញហូបចុក តាមតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាប មាតម្លៃ សមរម្យ និងគុណភាពល្អជាងឆ្នាំមុន។
កញ្ញាជុំ ស្រីលីន ដែលបានធ្វើដំណើរកម្សាន្ត ជិតមួយសប្តាហ៍ ក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃសម្រាក បុណ្យចូលឆ្នាំថ្មីនេះ កញ្ញាមានភាពសាទរចំពោះការរៀបចំ សណ្តាប់ធ្នាប់ដ៏ល្អរបស់ខេត្ត ដើម្បីទទួលភ្ញៀវទេសចរ។ កញ្ញាបាននិយាយថា កញ្ញាមិនបានខ្វល់ច្រើនពីគ្រោះថ្នាក់ចរាចរណ៍ ការលេងបាចទឹក ប៉ាតម្សៅ និងពួកក្មេងស្ទាវៗឡើយ។ កញ្ញាបានឱ្យដឹងថា “ឆ្នាំមុន ខ្ញុំអត់ ហ៊ានទៅណាឆ្ងាយទេ ភ្នំគូលែនអី! អត់ហ៊ានទៅសោះ ព្រោះខ្លាចរឿងគ្រោះថ្នាក់ចរាចរណ៍ ហើយម៉្យាងទៀត ធុញរឿងស្ទះចរាចរណ៍ និងការលេងគប់ទឹកប៉ាតម្សៅ អ៊ីចឹងអត់ចង់ទៅណា នៅតែផ្ទះ។ តែឆ្នាំនេះ ឃើញមាន សណ្តាប់ធ្នាប់ល្អ ខ្ញុំបានដើរលេងច្រើនកន្លែង ហើយ សប្បាយចិត្ត ពេលទិញនំចំណីហូបចុក វាអត់ថ្លៃដូច ឆ្នាំមុនទេ! ខ្ញុំហ៊ានរាំលេងជាមួយមនុស្សដែលខ្ញុំ អត់ស្គាល់ តាមវត្ត តាមអី ព្រោះអត់មានពួកក្មេងស្ទាវ មក រញ៉េរញ៉ៃទេ!”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា នេះ មានតួលេខសរុបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ មានអ្នកស្លាប់៥៨នាក់ រងរបួស ទាំងធ្ងន់ទាំងស្រាល៤៨៤នាក់ កើនឡើងជាងឆ្នាំមុន ៩ករណី ប៉ុន្តែ មិនមាននៅក្នុងខេត្តសៀមរាប ទេ៕


6:29 AM
Email:knewdaynews@yahoo.com
0 comments:
Post a Comment