| Friday,10.03.2012 | |
| នៅក្នុងទឹកដីនៃខេត្តកោះកុងមានតំបន់ ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា ទឹកធ្លាក់តាតៃ ព្រៃកោងកាង រមណីយដ្ឋានត្រពាំងរូងជាដើម ។ នៅ ពេលនេះយើង សូមលើកយករមណីយដ្ឋានថ្មីដែលប្រជាពលរដ្ឋខ្មែរយើងមិន សូវបានស្គាល់ក្នុងតំបន់ថ្មីនេះ ប៉ុន្តែជាចំណុចគួរឱ្យចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដែលចូលចិត្តជិះកង់ ឬ ដើរឡើងភ្នំដើម្បីកម្សាន្តជាមួយសម្រស់ធម្មជាតិពិតៗរបស់ ភ្នំរូង ។ ការធ្វើបែបនេះដើម្បីឱ្យភ្ញៀវទេសចរកាន់តែមានភាពស្និទ្ធស្នាលនឹងធម្មជាតិក៏ដូចជា ការធ្វើលំហាត់ប្រាណមួយបែបដែរ ។ រមណីយដ្ឋានថ្មីនេះឈ្មោះថា ភ្នំរូង មានកម្ពស់ ៣៥ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ភ្នំរូងក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍តាមរយៈតំណាលរឿងនិទានបែបប្រជាប្រិយពីមាត់មួយទៅមាត់មួយនៅក្នុងភូមិ តាមទីតាំងជាក់ស្តែងនៃភ្នំដែលមានរូងភ្នំ មួយដ៏អាថ៌កំបាំង ។ នេះបើតាមចាស់ៗបានតំណាលថា ភ្នំមួយនៅកប់ក្នុងព្រៃស្ងាត់ ជ្រងំ ដែលពីមុនមានសុទ្ធតែសត្វខ្លាតូចធំ ខ្លាឃ្មុំ ពស់ និង សត្វព្រៃសាហាវ ជាដើម ។ គឺជាកន្លែងដែលព្រានព្រៃបរបាញ់សត្វដំរី និង អ្នកកាប់វល្លិរមៀតវង្វេងផ្លូវមិនអាច មករកភូមិវិញបានទេ ។ រីឯអ្នកភូមិត្រញំងរូងធ្លាប់បានឮសំឡេងភ្លេងពិណញទ្យ ល្វើយៗពីម្តុំភ្នំនេះរៀងរាល់ថ្ងៃសីលគួរឱ្យព្រឺក្បាល ។ គេបាននិយាយទៀតថា ភ្នំ នេះមានអ្នកសច្ចំគង់នៅ និង មានរូងជ្រៅងងឹតស្លុង ។ វាធ្លាប់ជាកន្លែងដ៏ស័ក្តិសិទ្ធិ ដែលអ្នកភូមិក្បែរនេះតែងមករកខ្ចីចានឆ្នាំងទៅធ្វើបុណ្យក្នុងភូមិម្តងៗ ។ ភ្នំនេះ បច្ចុប្បន្នក្លាយជាកន្លែងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និង ចង់ដឹង អំពីអាថ៌កំបាំងទាំងអស់នោះ ។ វាត្រូវបានកំណត់ដោយអ្នកភូមិហៅថាភ្នំរូង ។ ភ្នំរូងបានក្លាយជារមណីយដ្ឋានកម្សាន្តដ៏អាថ៌កំបាំងមួយ និង ចូលចិត្ត បំផុតពីភ្ញៀវ ទេសចរបរទេស ។ ភ្នំរូងត្រូវបានកែលម្អផ្លូវព្រៃសម្រាប់ទេសចរដើរកម្សាន្ត និង អាចជិះកង់ប្រភេទឡើងភ្នំដោយ សហគមន៍អេកូទេសចរណ៍ត្រពាំងរូង ។ រមណីយដ្ឋាននេះ ក្រៅពីបរទេស ក៏មានអ្នកទេសចរក្នុងស្រុកចាប់អារម្មណ៍ ផងដែរ ។ វាមិនគ្រាន់តែជាកន្លែងដែល អ្នកទេសចរអាចវិភាគស្វែងយល់ពីអាថ៌កំបាំងទាំងឡាយដែលអ្នកស្រុកធ្លាប់និយាយប្រាប់ប៉ុណ្ណោះទេ តែវាជាឋាននភាល័យ ដ៏ត្រជាក់សម្រាប់ស្រងស្រូបយកខ្យល់អាកាសបរិសុទ្ធដែលហាក់បីដូចជា ខ្លួនបានមកដល់ឋានសួគ៌ាល័យ តែតាម ពិតអារម្មណ៍អ្នកកំពុងស្រមៃថាបានគយគន់ ពិភពដែនព្រៃបៃតងពីលើកំពូលភ្នំរូងនៃជួរភ្នំក្រវាញនេះឯង ។ រមណីយដ្ឋាន កម្សាន្តភ្នំរូងគឺមានចម្ងាយតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីប្រជុំជនភូមិត្រញំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ការដើរព្រៃ ឬ ជិះកម្សាន្តទៅកាន់រមណីយដ្ឋានភ្នំរូង គឺជាការរួមចំណែកមួយក្នុងការអភិរក្ស និង លើកតម្លៃវប្បធម៌ខ្មែរនៅតំបន់ព្រៃជួរភ្នំ ក្រវាញនៃប្រទេសកម្ពុជា ។ ដំណើរកម្សាន្តក៏ក្លាយជាការហាត់ប្រាណដ៏ពេញ និយមមួយប្រភេទរបស់ភ្ញៀវទេសចរដែរ ។ បើតាមប្រសាសន៍របស់លោក ទី ធាវី មន្ត្រីអភិវឌ្ឍជំនួយសហគមន៍អេកូទេសចរណ៍បានឱ្យដឹងថា សម្រាប់ ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំង លើភ្នំរូង ព្រោះវាជាតំបន់អេកូទេសចរណ៍ធម្មជាតិ ហើយភ្ញៀវបរទេស និយម ចូលចិត្តដើរ ឬ ជិះកង់ក្នុងព្រៃ ។ ចំណែកភ្ញៀវខ្មែរក៏មានខ្លះដែរ គឺមកតាមរយៈ ការបោះជំរំ ការចុះកម្មសិក្សារបស់អង្គការ ឬក៏អ្នកដែលមកសិក្សាលើសកម្មភាព ទេសចរណ៍នៅក្នុងតំបន់នេះ ។ លោកបានបន្តថា អ្វីដែលជាទីចាប់អារម្មណ៍នៅ ទីនោះ គឺទីមួយ ពេលទៅដល់ភ្នំ គាត់អាចមើលឃើញទេសភាពផ្ទៃព្រៃ ដែលគេកំពុងការពារប្រៀបបាននឹងសមុទ្រឈើនៃខេត្តមណ្ឌលគិរីមានពណ៌ បៃតងស្រស់ លាតសន្ធឹងដាច់កន្ទុយភ្នែក ហើយអ្នកទេសចរអាចជិះកង់ ឬ ដើរឡើងទៅសម្រាកកម្សាន្តលើកំពូលភ្នំជាមួយធាតុអាកាសតំបន់ភ្នំដ៏ ត្រជាក់ត្រឈឹងត្រឈៃនៃម្លប់ដើមឈើធំៗ ។ ម៉្យាងទៀតភ្ញៀវទេសចរនឹងបាន ស្តាប់រឿងរ៉ាវផ្សេងៗទាក់ទងនឹងរឿងអប្បិយជំនឿរបស់អ្នកស្រុកតំណាល ប្រាប់ ។ ទាក់ទងនឹងដំណើរភ្ញៀវទេសចរនៅភ្នំរូង លោក គុណ សាវុធ ប្រធានសហគមន៍អេកូទេសចរណ៍ត្រពាំងរូងបាន ឱ្យដឹងថានៅពេលភ្ញៀវបរទេស ទៅទស្សនាទីនោះម្តងៗ សហគមន៍មិនលក់ជាសំបុត្រដូចរមណីយដ្ឋានផ្សេងៗទេ តែនៅទីនេះមានលក់ជាកញ្ចប់ដែលមានបម្រើជាសេវាជាច្រើន ដូចជា អ្នកនាំផ្លូវ ការហូបចុក ការជួលកង់ ការបោះជំរំ និង ជួលសម្ភារៈមានអង្រឹង ជាដើម ។ លោកបានបន្តថា បើនិយាយពីថ្លៃហូបចុកក្នុងមួយពេលបីដុល្លារ ថ្លៃជួលកង់ដប់ ដុល្លារ អង្រឹងពីរដុល្លារ ចំណែកអ្នកនាំភ្ញៀវចំនួនប្រាំបួនដុល្លារកន្លះ ។ ចំណែក មគ្គុទ្ទេសក៍នាំភ្ញៀវជាប្រជាពលរដ្ឋក្នុងភូមិដែលបណ្តុះបណ្តាលដោយសហគមន៍ ។ លោកបានបន្ថែមទៀតថា មុនមានសហគមន៍ ប្រជាពលរដ្ឋរស់នៅអាស្រ័យដោយ អនុផលព្រៃឈើ ដូចជា បរបាញ់ និង នេសាទ មិនសូវរីកចម្រើនដូចសព្វថ្ងៃនេះ ទេ ។ បច្ចុប្បន្នអ្នកភូមិមានជីវភាពធូរធារដោយសារការអភិវឌ្ឍលើវិស័យទេស-ចរណ៍ ដោយសហគមន៍អេកូទេសចរណ៍ដែលប្រជាពលរដ្ឋអាចបង្កើនប្រាក់កម្រៃ ពីសេវាកម្មផ្ទះសំណាក់ អាហារដ្ឋាន ម៉ូតូ និង សហគមន៍កំពុងបង្កើនការងារដល់ ប្រជាពលរដ្ឋផងដែរ ។ រមណីយដ្ឋានភ្នំរូងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ មានកម្ពស់ ៣៥ ម៉ែត្រ និង ចម្ងាយ ១០ គីឡូម៉ែត្រពីត្រញំងរូង ។ រមណីយដ្ឋានមួយនេះក៏កំពុង ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវបរទេស ហើយតាមរយៈវិស័យ ទេសចរណ៍នេះដែរ ក៏កំពុងកែប្រែមុខមាត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យមាន ជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការបង្កើតជាសេវាកម្មផ្សេងៗ និង ការងារដល់ប្រជាពលរដ្ឋដើម្បីបម្រើឱ្យភ្ញៀវទេសចរក៏អាចបង្កើនចំណូលជូនពួក គាត់ផងដែរ ៕ |


6:57 PM
Email:knewdaynews@yahoo.com
0 comments:
Post a Comment